គុណភាពប្រេងម៉ាស៊ីន៖ តើប្រេងថោក ឬថ្លៃ វាខុសគ្នាត្រង់ណាខ្លះ?
នៅក្នុងប្លក់ដំបូងរបស់យើងបាននិយាយអំពីមូលហេតុដែលអ្នកគួរតែប្តូរប្រេងម៉ាស៊ីន យើងបានណែនាំហើយថាប្រេងម៉ាស៊ីន ប្រៀបដូចជាឈាមរបស់រថយន្ត ហើយបានបង្ហាញថា តើវាមានសារៈសំខាន់យ៉ាងណាចំពោះរថយន្ត។ ក្នុងករណីនេះការជ្រើសរើសប្រេងម៉ាស៊ីនដែលត្រឹមត្រូវអាចជាការលំបាកផងដែរ។
នៅក្នុងប្លក់ដំបូងរបស់យើងបាននិយាយអំពីមូលហេតុដែលអ្នកគួរតែប្តូរប្រេងម៉ាស៊ីន យើងបានណែនាំហើយថាប្រេងម៉ាស៊ីន ប្រៀបដូចជាឈាមរបស់រថយន្ត ហើយបានបង្ហាញថា តើវាមានសារៈសំខាន់យ៉ាងណាចំពោះរថយន្ត។ ក្នុងករណីនេះការជ្រើសរើសប្រេងម៉ាស៊ីនដែលត្រឹមត្រូវអាចជាការលំបាកផងដែរ។ មានរឿងជាច្រើន ដែលត្រូវពិចារណាអំពីប្រភេទនៃកំហាប់ លក្ខណៈបច្ចេកទេសពីសៀវភៅណែនាំការប្រើប្រាស់ ភាពខុសគ្នារវាងប្រេងធម្មជាតិ (Mineral Oil) និងប្រេងសំយោគ (Synthetic Oil) ក៏ដូចជាតម្លៃរបស់វាផងដែរ។ មានអ្នកប្រើប្រាស់ជាច្រើន ជ្រើសរើសផលិតផលដោយផ្តោតលើតម្លៃ។ ផ្អែកលើការសម្រេចចិត្តរបស់អ្នកដោយផ្អែកលើតម្លៃបែបនេះ អាចនាំឱ្យខូចម៉ាស៊ីនធ្ងន់ធ្ងរ។
ដូច្នេះហើយ ចូរក្រឡេកមើលមូលហេតុដែលអ្នកគួរយកចិត្តទុកដាក់ ប្រសិនបើអ្នកជ្រើសរើសយកប្រេងថោក ឬប្រេងដែលមានគុណភាពអន់ មកប្រើក្នុងម៉ាស៊ីនរថយន្តរបស់អ្នក។
ហានិភ័យនៃការប្រើប្រាស់ប្រេងថោកឬគុណភាពទាប៖
- ការប្រើប្រាស់ប្រេងដែលមានគុណភាពទាបអាចបណ្តាលឱ្យមានការចំណាយលើការជួសជុលម៉ាស៊ីន និងការប្រើប្រាស់ឥន្ធនៈកើនឡើង។
- ប្រេងដែលមិនបានបំពេញតាមតម្រូវការ ទីបំផុតការធានាលើគ្រឿងម៉ាស៊ីនរថយន្តរបស់អ្នកនឹងត្រូវចាត់ទុកជាមោឃៈ ដោយសារតែគ្រឿងម៉ាស៊ីនបាក់បែក។ ប្រសិនបើការខូចខាតធំកើតឡើងពីការប្រើប្រាស់ប្រេងម៉ាស៊ីនដែលមិនស្របតាមលក្ខណៈបច្ចេកទេសរបស់អ្នកផលិត ហើយការធានារបស់អ្នកពីក្រុមហ៊ុននឹងត្រូវបានចាត់ទុកជាមោឃៈ ការតំឡើង ឬប្ដូរម៉ាស៊ីនថ្មីអាចនឹងធ្វើឱ្យអ្នកខាតបង់ប្រាក់កាសកាន់តែច្រើន។ ប្រេងដែលមានគុណភាពអន់មានផលប៉ះពាល់មិនល្អដល់បរិស្ថាន ដោយសារតែវាមិនបានបំពេញតាមស្តង់ដារឧស្សាហកម្ម ដែលកំណត់ដោយស្ថាប័នរដ្ឋដូចជា ACEA និង API ដែលទទួលខុសត្រូវក្នុងការរៀបចំបទដ្ឋានគតិយុទ្ធអំពីការបំភាយឧស្ម័ន CO2 ។
ការប្រើប្រាស់ប្រេងដែលមានគុណភាពគឺពិតជាមានសារៈសំខាន់សម្រាប់ហេតុផលមួយចំនួន៖
ប្រើប្រាស់បានយូរអង្វែង
ផ្នែកដែលធ្វើចលនានឹងរងការសឹករេចរឹលតាមពេលវេលាក្នុងអត្រាផ្សេងៗគ្នា។ ប្រើប្រាស់ប្រេងដែលមានគុណភាព គឺជាវិធីមួយដើម្បីជួយផ្នែកទាំងនេះមិនងាយខូចគុណភាព នឹងពន្យាអាយុកាលនៃការប្រើប្រាស់។ ការធ្វើបែបនេះនឹងជួយទៅលើសមាសធាតុធំៗដែលសំខាន់ខ្លាំងរបស់រថយន្ត ដូចជាម៉ាស៊ីន និងប្រអប់លេខ។
ប្រតិបត្តិការណ៍
ការប្រើប្រាស់ប្រេងដែលមានគុណភាពក៏អាចធ្វើអោយរថយន្តដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្រប់ផ្នែកដែលប្រតិបត្តិការណ៍បានល្អ។ អាចនិយាយបានថារថយន្ដប្រើប្រេងឥន្ធនៈអស់តិច តែទទួលបានថាមពលនៃការដំណើរការកាន់តែខ្លាំង។
សន្សំសំចៃក្នុងការជួសជុល
ការថែរក្សាយានជំនិះដោយប្រើប្រេងម៉ាស៊ីនដែលមានគុណភាពនឹងជួយសន្សំសំចៃថវិកាក្នុងរយៈពេលវែង ទោះបីជាប្រេងម៉ាស៊ីនទាំងនេះមានតម្លៃថ្លៃបន្តិចក៏ដោយ។ ព្រោះរថយន្តដែលមានការថែទាំល្អ នោះចំណាយលើការជួសជុលកាន់តែតិចតួច។ ការប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាពអន់ ឬថោក នឹងធ្វើអោយអ្នកចំណាយ ច្រើនប្រសិនបើម៉ាស៊ីន ឬប្រអប់លេខត្រូវផ្លាស់ប្តូរ។
សន្សំសំចៃប្រេងឥន្ធនៈ - ប្រេងម៉ាស៊ីនមានគុណភាពត្រូវបានបង្កើតឡើងដើម្បីជួយផ្តល់នូវប្រសិទ្ធភាពប្រេងឥន្ធនៈទាំងការការពារ និងជួយអោយគ្រឿងម៉ាស៊ីនរំអិលល្អ។
របៀបពិនិត្យមើលគុណភាពប្រេងម៉ាស៊ីន
ប្រេងម៉ាស៊ីនដែលមានគុណភាពល្អ មិនចាំបាច់ថ្លៃទេ ប៉ុន្តែត្រូវបំពេញតាមស្តង់ដារក្រុមហ៊ុនដែលបានផ្តល់ឱ្យ។ ស្តង់ដារទាំងនេះគឺជាតម្រូវការជាក់លាក់ជាអប្បបរមា ដើម្បីជួយអោយម៉ាស៊ីនដំណើរការយ៉ាងរលូន និងមានប្រសិទ្ធភាព។ នៅពេលអ្នកទិញប្រេងសម្រាប់រថយន្តរបស់អ្នក រឿងដំបូងដែលអ្នកគួរធ្វើ គឺមើលសៀវភៅណែនាំនៃការប្រើប្រាស់។ សៀវភៅណែនាំនេះនឹងប្រាប់អ្នកអំពីតម្រូវការម៉ាស៊ីនរថយន្តរបស់អ្នក។ នៅពេលដែលអ្នកយល់ច្បាស់អំពីតម្រូវការជាក់លាក់ នោះអ្នកគួរតែអានការណែនាំនៅកាដុងប្រេងដោយប្រុងប្រយ័ត្ន ហើយត្រូវប្រាកដថាប្រេងដែលអ្នកកំពុងជ្រើសរើសនោះត្រូវនឹង ឬលើសពីលក្ខណៈបច្ចេកទេសដែលបានណែនាំក្នុងសៀវភៅ ។ បន្ទាប់ពីត្រឹមត្រូវតាមលក្ខខ័ណ្ឌហើយ អ្នកអាចបន្តពិនិត្យមើលថ្នាក់កំហាប់ប្រេង ដែលរថយន្តរបស់អ្នកត្រូវការ។
